(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបជាមួយវិរៈកងទ័ពទាំង១៨នាក់ដែលទើបត្រូវបានភាគីថៃ ដោះលែងមកវិញ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»
សំណេរនៃខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ
ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃ ដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់)។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង១៨រូប។


